សូមស្វាគមន៍ ការចូលមកកាន់ គេហទំព័រ ប្លុករបស់ខ្ញុំ នៃសាលាបច្ចេកទេស ដុន បូស្កូ
Flag Counter

Wednesday, February 13, 2013

កម្មករ​រោងចក្រ​កាត់ដេរ​​យ៉ុងវ៉ា​ នៅ​តាខ្មៅ​ ​កូដកម្ម​​បិទផ្លូវ​​ដោយសារ​ថៅកែ​រត់ចោល​ក្រុមហ៊ុន​

ថ្ងៃអង្គារទី 12 ខែ កុម្ភៈក្រុម​កម្មករ​រោងចក្រ​កាត់ដេរ យ៉ុង​វ៉ា នៅក្រុង​តាខ្មៅ ទី​រួម​ខេត្ត​កណ្តាល បាន​ធ្វើ​កូដកម្ម​តវ៉ា​ដោយ​បិទ​ផ្លូវជាតិ​លេខ​២១ ពី​រង្វង់​មូល​តាខ្មៅ​ទៅ​កាន់​ផ្ទះ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​​តាំង​ក្រសាំង។ កូដកម្ម​បិទ​ផ្លូវ​នោះ​ត្រូវ​បាន​ធ្វើ​ឡើង ចាប់​តាំង​ពី​ព្រឹក​ម៉ោង ៦​និង​៣០​នាទី រហូត​ដល់​ម៉ោង​៣​រសៀល ដោយ​មិន​ទាន់​មាន​ដំណោះស្រាយ​ណា​មួយ​ពី​អាជ្ញាធរ ហើយ​​​ភាគី​ថៅកែ​រោងចក្រ​កាត់ដេរ ក៍​មិន​បាន​ចូល​ខ្លួន​មក​សម្រប​សម្រួល​ឡើយ។​

កម្មករ ​ជាង ៧.០០០ នាក់ នៅ​រោងចក្រ​កាត់ដេរ យ៉ុងវ៉ា​១ និង​យ៉ុងវ៉ា​២ នៅ​តាខ្មៅ ខេត្ត​កណ្តាល បាន​ធ្វើ​កូដកម្ម​ឈរ​​បិទ​ផ្លូវជាតិ​លេខ​២១ ដើម្បី​ជំរុញ​ឲ្យ​អាជ្ញាធរ​ចេញ​មុខ​សម្រប​សម្រួល ដោះស្រាយ​ជាមួយ​នឹង​ថៅកែ​រោងចក្រ​កាត់ដេរ បើក​ប្រាក់ខែ​ដល់​កម្មករ​សម្រាប់​ខែ​មករា ប្រាក់​អតីតភាព​ការងារ​និង​ប្រាក់​អត្ថប្រយោជន៍​ដទៃ​ទៀត។ កូដកម្ម​នោះ មិន​មាន​អំពើ​ហិង្សា វាយ​បង្ក្រាប​ក្រុម​កម្មករ​តវ៉ា​ឡើយ។
តំណាង​កម្មករ​តវ៉ា អ្នកស្រី ចាន់ ដានី បាន​អះអាង​ថា ថៅកែ​ចិន​បាន​រត់​ចោល​រោងចក្រ ចាប់​តាំង​ពី​ខែ​ធ្នូ ឆ្នាំ​២០១២។​ អ្នកស្រី​បន្ត​ថា ក្រុម​កម្មករ​បាន​បំបែក​ការ​ជួបជុំ​តវ៉ា​បិទផ្លូវ កាល​ពី​ម៉ោង ៣​រសៀល ហើយ​នឹង​បន្ត​ជួបជុំ​នៅ​ថ្ងៃ​ស្អែក និង​បន្ត​តវ៉ា​រហូត​ដល់​មាន​ដំណោះស្រាយ។

ចំណែក​លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា C.CAWDU ដែល​បាន​តាម​ឃ្លាំ​មើល​កម្មករ​រោងចក្រ​កាត់ដេរ​តវ៉ា បាន​ឲ្យ​ដឹង​ថា  រោងចក្រ​កាត់ដេរ ​យ៉ុងវ៉ា​ទី​១និង​ទី​២ ត្រូវ​បាន​ក្រសួង​ការងារ​អះអាង​ថា ត្រូវ​បិទទ្វារ​លែង​ដំណើរការ។ ម្យ៉ាងទៀត ក្នុង​ខែ​មករា​កន្លង​មក កម្មករ​មិន​មាន​ការងារ​អ្វី​ធ្វើ​ទេ។ ដូច្នេះ​នៅ​ថ្ងៃ​អង្គារ​នេះ កម្មករ​ទទូច​សុំ​ឲ្យ​អាជ្ញាធរ និង​រាជ​រដ្ឋាភិបាល​មេត្តា​គិតគូរ​ដល់​កម្មករ  ដោះស្រាយ​បើក​ប្រាក់ខែ​និងប្រាក់​អត្ថប្រយោជន៍​នានា​ឲ្យ​ដល់​​កម្មករ​ជាង ៧០០០​នាក់។

មេដឹកនាំ​សហជីព​​លោក អាត់ ធន់ ក៏​បាន​បន្ថែ​មថា ក្រុម​កម្មករ ក៏​បាន​ដាក់​ពាក្យ​បណ្តឹង ទៅ​កាន់​តុលាការ​ខេត្ត​កណ្តាល​ឲ្យ​ចេញ​ដីកា​រក្សា​ការពារ ដើម្បី​កុំ​ឲ្យ​ក្រុមហ៊ុន​ដឹក​សំភារៈ​រោងចក្រ​ចេញ​បាន​ មុន​ពេល​ដោះស្រាយ​ប្រាក់ខែ និង​ប្រាក់​អតីតភាព​ការងារ​របស់​កម្មករ។​
ចំណែក​សហជីព​សេរី​កម្មករ របស់​លោក ជា មុនី នៅ​ថ្ងៃ​១២ កុម្ភៈ​នេះ ក៏​បាន​សរសេរ​លិខិត​មួយ​ច្បាប់​ជូន​លោក វ៉ាន់ ស៊ូអៀង ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ដើម្បី​ស្នើ​សុំ​ធ្វើ​អន្តរាគមន៍​ឲ្យ​ក្រុមហ៊ុន យ៉ុងវ៉ា បើក​ប្រាក់ខែ​សម្រាប់​ខែ​មករា ឆ្នាំ២០១៣ ឲ្យ​កម្មករ និង​ទូទាត់​ប្រាក់​ផ្សេងៗ​បន្ទាប់​ពី​ការ​បិទ​មិន​ដំណើរការ​រោងចក្រ។

ក្នុង​ដើម​ឆ្នាំ​២០១៣​នេះ មេដឹកនាំ​សហជីព​កម្មករ លោក អាត់ ធន់ កត់​សម្គាល់ថា កូដកម្ម​របស់​កម្មក​រ​​កាត់ដេរ​ហាក់​ដូច​ជា​ផ្ទុះ​ឡើង​ច្រើន​កន្លែង។ រោងចក្រ​កាត់ដេរ​មួយ​ចំនួន ​បាន​បិទ​ទ្វារ ដោយ​មិន​ទូទាត់​ប្រាក់ខែ​ និង​ប្រាក់​អត្ថប្រយោជន៍​នានា ស្រប​តាម​ច្បាប់​ការងារ​ដល់​កម្មករ​ឡើយ។

ក្រុម​កម្មករ​ក៏​បាន​ចុះ​តាម​ផ្លូវ​ធ្វើ​កូដកម្ម​ទាមទារ​​តម្លើង​ប្រាក់ខែ ដែល​សព្វថ្ងៃ​ទទួល​បាន​ត្រឹម​តែ ប្រាក់ខែ​គោល ៦១​ដុល្លារ​ប៉ុណ្ណោះ។​

អំពី​ប្រាក់ខែ​កម្មករ លោក អាត់ ធន់ បាន​ឲ្យ​ដឹង​ថា មេដឹកនាំ​សហជីព​កម្មករ​ធំៗ​ចំនួន​៦ ដែល​ជា​សមាជិក​ក្រុម​ការងារ​ទំនាក់​ទំនង​វិជ្ជាជីវៈ នឹង​ជួប​ប្រជុំ​គ្នា​ពីរ​ថ្ងៃ នៅ​ថ្ងៃ​ទី​១៨​និង​ថ្ងៃ​ទី​១៩​កុម្ភៈ ដើម្បី​កំណត់​ជំហរ​រួម​លើ​ការ​ទាមទារ​ប្រាក់ខែ​អប្បបរមា​ដល់​កម្មករ​កាត់ដេរ មុន​នឹង​លើក​សំណើ​នោះ ដាក់​លើ​តុ​ចរចា​ជាមួយ​ថៅកែ​រោងចក្រ​កាត់ដេរ និង​តំណាង​រាជ​រដ្ឋាភិបាល នៅ​ថ្ងៃ​ទី​២៦ កុម្ភៈ។

លោក អាត់ ធន់ នៅ​តែ​រក្សា​ជំហរ​ទាមទារ​ការ​តម្លើង​​ប្រាក់ខែ​អប្បបរមា​អោយ​ដល់​កម្មករ​ កាត់ដេ​រ ឲ្យ​បាន​​ចំនួន​១៥០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ ដើម្បី​ឲ្យ​កម្មករ​កាត់ដេរ​ជាង​៤​សែន​នាក់ មាន​កម្រិត​ជីវភាព​រស់នៅ​សមរម្យ៕

0 comments:

Post a Comment